ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងទាំង ៣ នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច័្ចយ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នៅកម្ពុជា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ការចូលព្រះវស្សា គឺជាបុណ្យមួយ ដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យ ឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល ៣ខែចាប់ ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ព្រះពុទ្ធសាសនា ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិ បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ សេចក្តីល្អ និងចេះជួយគ្នា សាមគ្គីគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូតលុះកំណត់ចេញព្រះវស្សាតាមបញ្ញត្តិព្រះពុទ្ធសាសនា។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀត ទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូ មានសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជកា នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងទាំង ៣ បានប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច័្ចយ ដល់វត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា និងជាពិសេសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទស្សបារមីថែរក្សាទឹកដី តាមជួយឃុំគ្រងថែរក្សា បងប្អូន វិរៈកងទ័ព ដែលលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាមួយសត្រូវឈ្លានពានទឹកដី សូមបានសុខសុវត្ថិភាព ឈ្នះអស់មាសត្រូវ និងទទួលបានជោគជ័យគ្រប់កាលៈទេសៈ ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕