ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារពលករវិលត្រឡប់ពីប្រទេសថៃ មកនៅទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារពលករវិលត្រឡប់ពីប្រទេសថៃ មកនៅទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន ១០០គ្រួសារ នៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកទឹកផុស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃរដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីរបាយការណ៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស រួចមក ឯកឧត្តរដ្ឋមមន្ដ្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដ៏ល្អប្រសើរលើផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខនយោបាយ និងភូមិ ឃុំ មានសុវត្ថិភាពនៅទូទាំងស្រុកទឹកផុស ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ ជាពិសេសក្នុងកាលៈទេសៈដែលបងប្អូនជួបទុក្ខលំបាកនានា។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូននូវព័ត៌មានពិតនៃការឈ្លានពានដោយកំរោល និងគឃ្លើន របស់ទាហានថៃ ប្រដាប់ដោយអាវុធ ចូលក្នុង ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយវីរកងទ័ពជួរមុខកម្ពុជា ក៏បានប្រយុទ្ធការពារ វាយបក និងបានគ្រប់គ្រង យកឈ្នះនៅគ្រប់សមរភូមិ ដោយរក្សាបាននូវដែនអធិបតេយ្យភាពពេលលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការឯកភាពគ្នា មានសាមគ្គីភាពគ្នាជាធ្លុងមួយ និងបន្ដជឿទុកចិត្ត មានភាពកក់ក្ដៅ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ ជាក់ស្ដែងការសម្រេចប្រើប្រាស់យន្ដការដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ទាំងវិស័យទំនាក់ទំនងការទូត, ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិតប្រាកដ ជាក់ស្ដែងលើឆាកអន្ដរជាតិ និងការប្រើប្រាស់កម្លាំងទ័ពក្នុងការការពារ និងតបតដោយប្រដាប់អាវុធផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈចាំបាច់ ជូនដល់បងប្អូនពលករ ជាពិសេសការជួយគាំទ្រ និងការដោះស្រាយបញ្ហាស្វែងរកការងារជូនពួកគាត់ឱ្យបានគ្រប់គ្នា។

គួរជម្រាបជូនផងដែរថា ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ មកនៅក្នុងស្រុកទឹកផុស ទាំង ១០០គ្រួសារ ដោយម្នាក់ៗទទួលបាននូវអង្ករ ១បាវ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, សាប៊ូបោកខោអាវ ១កញ្ចប់ និងថវិកាម្នាក់ៗ ១០ម៉ឺនរៀល ៕