ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងនៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងទៅ «អ្នកចេះគឺជាប់»


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងនៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក ដោយបានដាក់ចេញគោលការណ៍ បទប្បញ្ញត្តិ កម្រិតវិន័យ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការប្រឡង ព្រមទាំងរៀបចំយន្តការ និងនីតិវិធីគ្រប់គ្រងដំណើរការប្រឡង នៅគ្រប់ដំណាក់កាល ក្នុងនោះយន្តការចូលរួមរបស់ជំនួយការអប្បមាទទូទាំងប្រទេសនៅតែប្រើដដែល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ នាឱកាសដែលឯកឧត្តមបានអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី តួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ប្រព្រឹត្តទៅដោយរលូន។ សិក្ខាសិលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រូឧទ្ទេស អ្នកសម្របសម្រួល ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងគរុសិស្ស គរុនិស្សិតសរុបចំនួន៩៨០រូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ភាពចាំបាច់ក្នុងការធានាគុណភាព និងប្រសិទ្ធភាពនៃការប្រឡងនានា ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគន្លឹះសំខាន់ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយគាំទ្រដល់ការធ្វើកំណែទម្រង់តាមសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព ដូច្នេះត្រូវរៀបចំយន្តការប្រឡងនេះឱ្យបានល្អប្រសើរដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះគឺជាប់»

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងនៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក ក្នុងន័យនេះ លោកក៏គូសបញ្ជាក់អំពីភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ដែលជាអ្នកក្តាប់សភាពការណ៍ទូទៅនៃការប្រឡង ជាពិសេសក្នុងដំណើរការវិញ្ញាសាសរសេរ រួមមាន៖ ការចូលរួមរក្សាសុវត្ថិភាពប្រធានវិញ្ញាសា និងហឹបកិច្ចការបេក្ខជន, ការជួយប្រធានមណ្ឌលសំណេរក្នុងការដឹកនាំគ្រប់គ្រងដំណើរការប្រឡងឱ្យបានល្អ ត្រួតពិនិត្យភាពមិនប្រក្រតីនានា ក្នុងករណីជាក់ស្តែង និងចាំបាច់, ការរាយការណ៍អំពីសភាពការណ៍ទូទៅនៃមណ្ឌល និងសកម្មភាពរបស់ប្រធាន អនុប្រធានមណ្ឌលសំណេរ ជូនប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត និងគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ, ការចូលរួមចំណែកការពារសុវត្ថិភាពទាំងក្នុង និងក្រៅមណ្ឌលសំណេរ និងការវាយតម្លៃស្តីពីដំណើរការសំណេរ ដែលប្រព្រឹត្តទៅនៅក្នុងមណ្ឌលសំណេររបស់ខ្លួន ដោយមានការចូលរួមពីជំនួយការអប្បមាទទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ជឿជាក់ថា បុគ្គលិកអប់រំ និងគរុសិស្ស គរុនិស្សិត ដែលចូលរួមនាថ្ងៃនេះ និងត្រូវចូលរួមជាជំនួយការអប្បមាទទូទាំងប្រទេសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពេលវេលាចូលរួមសិក្ខាសាលានេះឱ្យបានជាប់ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងកម្រិតវិន័យរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស ជាពិសេសចូលរួមឱ្យអស់ពីសមត្ថភាព លទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ជំនួយការអប្បមាទទូទាំងប្រទេសមានតួនាទី ជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស ប្រចាំមណ្ឌលសំណេរ លើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំ មណ្ឌល។ ជំនួយការអប្បមាទទូទាំងប្រទេស ត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិត ដែលមានភាពហ្មត់ចត់ ភាពស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ មណ្ឌលសំណេរនីមួយៗ ត្រូវមានជំនួយការអប្បមាទទូទាំងប្រទេស តាមនិយាមកំណត់ ១នាក់ ទទួលខុសត្រូវ ២បន្ទប់៕