(ភ្នំពេញ)៖ នៅក្នុងឱកាសបន្ដធ្វើសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ប្រធានម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន បច្ចុប្បន្ន បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា, ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ភាគីទាំងពីរ បានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាជំហានបន្ទាប់ដើម្បីធានាឱ្យការអនុវត្តពេញលេញ និងម៉ឹងម៉ាត់នូវការឯកភាពគ្នាពីបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ត្រូវបានបង្កើតយន្តការ និងក្រុមការងារត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការនឹងត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈបប់បាញ់។
«ឯកឧត្តម (អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី) នឹងបង្កើតក្រុមអង្កេតការណ៍ មានអនុព័ន្ធយោធាម៉ាឡេស៉ី ជាប្រធាន ដើម្បីចេញអង្កេតការណ៍នៅថ្ងៃទី៣០ ខែកក្កដានេះ ក្នុងគោលបំណងសំខាន់គឺធ្វើឱ្យប្រាកដនូវនីតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀមបទឈប់បាញ់ រវាងកងទ័ពទាំងពីរ ប្រកបដោយលទ្ធផលល្អ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
គួរឱ្យដឹងថា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឱ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកបានចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា៕