(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសចូលរួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមទាំងពីរបានបញ្ជាក់ថា សមាគមទាំងពីរនិងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយនឹងគ្រឹះស្ថានសមាជិកទាំងអស់ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។
សមាគមទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យោធិន នគរបាលជាតិ ដែលតែងយកចិត្តទុកដាក់នូវសុខមាលភាពប្រជាពលរដ្ឋ និងបូជាកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពដែនដី និង ស្វែងរកសន្តិភាពសម្រាប់ប្រជាជន។
សូមជម្រាបថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ, ធនាគារជាតិនៃកម្ពុជា បានសម្រេចណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់១០លានរៀល របស់យោធិនពិការ។ បន្ថែមលើសពីនេះ ក៏មានការផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ផងដែរ៕