(ព្រះវិហារ)៖ ឯកឧត្តម ឆេង គឹមស៊ុន និងឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងតំណាងសប្បុរសជន នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈ ប្រើប្រាស់ប្រគល់ជូនវីរៈកងទ័ពជួរមុខ នៅទីស្នាក់ការអគ្គភស្តុភារប្រចាំទិសទី១ យោធភូមិភាគទី៤ ខេត្ដព្រះវិហារ និងទីតាំងជនភៀសសឹក ចំនួន ២១៥គ្រួសារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរ អំណោយ ដែលយកទៅប្រគល់ជូនវីរៈកងទ័ព និងជនភៀសសឹកនាឱកាសនេះជាអំណោយទទួលបានពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងសប្បុរសជន ក្នុងស្រុកអូររាំងឪ និងបានប្រគល់ជូនឧត្ដមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករងនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុប្រចាំទិសទី១ យោធភូមិភាគទី៤ និងជនភៀសសឹកផ្ទាល់ក្នុងខេត្តព្រះវិហារ។
ស្មារតីខ្មែរជួយខ្មែរ ជាខឿនការពារជាតិដ៏រឹងមាំការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំងជួរមុខ និងអ្នកនៅជួរក្រោយ។
សូមរំឭកផងដែរថា អំណោយសប្បុរសជន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាការស្ម័គ្រចិត្ដ ចូលរួមពីសំណាក់មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវកម្ម និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដែលត្រូវបានដឹកនាំដោយលោក ជៀប សំអាត អភិបាលរងតំណាងលោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ និងតំណាងសមាគមចិនផ្សារអូររាំងឪ លោក សេង គ្រី ផងដែរ៕