អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា៖ ​ការហោះហើររវាងកម្ពុជា-ថៃ ដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ គិតត្រឹមថ្ងៃទី៣០ កក្កដានេះ


(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ផ្លូវហោះហើររវាងភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅរក្សាប្រក្រតីភាពដដែល ខណៈភាគីទាំងពីរបាននិងកំពុងអនុវត្តបទឈប់បាញ់គ្នា។ នេះបើយោងតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបាន​ប្រាប់ នៅថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៥នេះ។

ផ្លូវហោះហើររវាងភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅរក្សាប្រក្រតីភាពដដែល ​លើកលែងតែការហោះហើររបស់ក្រុមហ៊ុន ​Thai Airways ដែលបានកាត់បន្ថយការហោះហើរពីមួយថ្ងៃ២ជើងមក​មួយថ្ងៃ១ជើងវិញ ដោយសារចំនួនភ្ញៀវថយចុះ។

​តែយ៉ាងនេះក្តី ឯកឧត្តមលើកឡើងថា ជាទូទៅ រៀងរាល់រដូវកាលបៃតង ចំនួនភ្ញៀវផ្លូវអាកាសតែងតែថយចុះ ដោយសារទេសចរមិនសូវចេញដើរកម្សាន្ត។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាកាសចរស៊ីវិលកម្ពុជា បានសម្រេច និងជូនដំណឹង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដោយហាមឃាត់ទាំងស្រុង ការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់នៃវិធានការនេះ ទៅកាន់តំបន់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប ដោយមិនឱ្យយន្តហោះ ហោះទាបជាង១២០០ម៉ែត្រឡើយ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ចំពោះស្ថានភាពនៃការហោះហើរលើដែនអាកាសកម្ពុជា អាកាសចរស៊ីវិលកម្ពុជា កំពុងពិនិត្យវាយតម្លៃពីស្ថានភាពទូទៅ និងហានិភ័យចំពោះតំបន់ហាមឃាត់ និងជូនដំណឹងភ្លាមៗ បើមានអ្វីប្រែប្រួល៕