រដ្ឋមន្ដ្រីសុខាភិបាល បន្ដចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក នៅទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ


(ឧត្ដរមានជ័យ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីទួលសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ បន្ទាប់ពីបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋជនសឹកនៅទីទួលមានសុវត្ថិភាព និងវីរកងទ័ព រួមទាំងអ្នកជំងឺដែលសម្រាក និងព្យាបាល នៅមន្ទីរពេទ្យខេត្ដព្រះវិហារ និងខេត្ដសៀមរាប នៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីអាចជួយដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពលំបាកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅស្តង់ប្រចំាការសុខភាព និងសម្ដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស៕