(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពី
ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។
ក្រសួងការងារ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។
ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន៕