ជប៉ុនស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ


(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក IWAYA Takeshi បាននិយាយថាជប៉ុនស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោកប្រមុខការទូតជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនសូមស្វាគមន៍ដែលកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ជប៉ុនក៏វាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងការទូតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងនេះ ក្នុងនោះរួមមានម៉ាឡេស៊ីក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេស និងសហរដ្ឋអាមេរិកដែល ជាសហអ្នករៀបចំ។ រដ្ឋាភិបាលជប៉ុននឹងបន្តជំរុញលើកទឹកចិត្តដល់កម្ពុជា និងថៃដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយស្ថិរភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ក្រោមកិច្ចសម្របសម្រួលជាមួយប្រទេសជាភាគីពាក់ព័ន្ធ»៕