ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពវីរៈកងទ័ព អនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងជន្មាយុ ៥៥ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី


នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថានចុះសួរសុខទុក្ខ និងរំលែកទុក្ខដ៏សោកសៅជាទីបំផុតជូនគ្រួសារសពអនុសេនីយ៍ឯក អ៊ុន វណ្ណា វីរៈកងទ័ពនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ ដែលបានពលីជីវិតក្នុងជន្មាយុ៥៥ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ និងបានដឹកបញ្ជូនសពតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង៤៖៤៥នាទីព្រឹក ដែលស្ថិតនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាមួយការចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសព ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយ លោកស្រី ប៉ិច គន្ធា ដែលជាភរិយានៃសព ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ វីរកងទ័ព អនុសេនីយឯក អ៊ុន វណ្ណា សូមឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
បន្ទាប់ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពវីរៈកងទ័ព អនុសេនីយ៍ឯក អ៊ុន វណ្ណា រួចមក ឯកឧត្តមក៏បានបន្តអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនដល់សពព្រឹន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្នាន នៃសពស្ថិតនៅ ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយលោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រិន្ទបាលទោ ឆៃ រ័ត្ន សូមឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕