រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់ពលរដ្ឋ និងអាជីវករ ប្រើប្រាស់ផលិតផលជំនួសឱ្យប្លាស្ទិក


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអាជីវករ បង្កើនការប្រើប្រាស់ផលិតផលដែលអាចយកមកប្រើឡើងវិញ ជំនួសឱ្យផលិតផលធ្វើពីប្លាស្ទិក គ្រាដែលសំណល់សំរាមប្លាស្ទិក កំពុងបង្កជាបញ្ហាចោទប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន និងសុខភាពសាធារណៈ។

ថ្លែងក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងស្ដីពី «ទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វិធានការបន្ទាន់ គឺមានភាពចាំបាច់ណាស់ ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ជាពិសេសការវេចខ្ចប់ដោយប្លាស្ទិកប្រើតែមួយដងបោះចោល និងកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិក ខណៈពេលបន្តលើកកម្ពស់សមត្ថភាពកែច្នៃឡើងវិញ ដើម្បីដោះស្រាយការបំពុលប្លាស្ទិកក្នុងទន្លេមេគង្គ។

តាមការសិក្សាបានបង្ហាញថា បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ ហើយសារធាតុប្លាស្ទិកទាំងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗ ឬជាលំអងប្លាស្ទិកតែប៉ុណ្ណោះ។ កំទិចប្លាស្ទិក ឬលំអងប្លាស្ទិកទាំងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថានព្រមទាំងសម្លាប់ភាវៈមានជីវិតទាំងក្នុងទឹក និងលើគោក និងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស។ លំអងប្លាស្ទិកទាំងនេះ ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្តាយ។

ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើនឡើង ដោយការបំពុលដោយប្លាស្ទិកប្រកប ដោយប្រសិទ្ធភាព វាមានសារៈសំខាន់ណាស់នៅក្នុងការលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងភាគីពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់មេគង្គ ដើម្បីចែករំលែកធនធាន បច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ និងចំណេះដឹងដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក»

បច្ចុប្បន្ននេះ សំណល់ប្លាស្ទិកដែលបានបោះចោល ភាគច្រើនជាប្លាស្ទិក ដែលប្រើតែមួយដងបោះចោលរួមមាន៖ ថង់ប្លាស្ទិក បំពង់បឺត កែវប្លាស្ទិក ប្រអប់ស្នារប្លាស្ទិកដាក់អាហារ និងដប ប្លាស្ទិក ជាអាទិ៍ ដោយសារតែភាពងាយស្រួយរកបាន និងមានតម្លៃថោក ដោយមិនដឹងថា ប្លាស្ទិកទាំងនេះបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់បរិស្ថាន និងសង្គម។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា បច្ចុប្បន្ននេះថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅ ក្នុងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ ដែលរស់នៅក្នុងក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២ពាន់ថង់ ក្នុងមួយឆ្នាំ ឬប្រមាណជា១២ថង់ ក្នុងមួយខ្នងផ្ទះ ជារៀងរាល់ថ្ងៃ។ សំណល់ប្លាស្ទិកទាំងនោះមួយចំនួន បានប្រមូលទៅទីលានចាក់សំរាម ប៉ុន្តែមួយចំនួនទៀតដែលសល់ ត្រូវបានចោល និងហូរចូលក្នុងទន្លេ បឹងបួរ រួចបន្តហូរចូល សមុទ្រ និងបានបង្ករការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ជីវៈជម្រុះ វដ្ដអាហារ (តាមរយៈមីក្រូ ប្លាស្ទិក ឬលំអងប្លាស្ទិក) សុខភាពមនុស្សសត្វ សោភ័ណភាព និងសេដ្ឋកិច្ចជាតិ៕