ឯកឧត្តម គង់ វិបុល នាំយកគ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យគ្រប់ប្រភេទ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនជនភៀសសឹក និងចូលបច្ច័យបុណ្យដល់ក្រុមគ្រួសារ របស់វីរកងទ័ពពលីក្នុងសមរភូមិមុខ


នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ នាំយកនូវ គ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យគ្រប់ប្រភេទ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាការចូលរួមចំណែកបរិច្ចាគរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានពន្ធដារ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបានចូលរួមនូវបច្ច័យបុណ្យ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិពីការឈ្លានពានរបស់កងទ័ពថៃ តាមរយៈ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីចាត់ចែងជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងដែលបានពលី។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំនូវថវិកាជូនដល់វីរកងទ័ព ដែលសម្រាកព្យាបាលរបួស អំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា និងជនភៀសសឹកដែលរងរបួសសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕