ឯកឧត្តមសាស្ដ្រចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់គ្រូពេទ្យគ្រប់ជំនាញទាំងអស់ ធ្វើយ៉ាងម្ដេចពង្រឹងនូវសមត្ថភាពបច្ចេកទេសវិទ្យាសាស្ដ្រ និងពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ភាពជាអ្នកដែលមានវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ដ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា អញ្ជើញជាអធិបតីភាព បើកសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អនាគតនៃពហុជំនាញ ក្នុងការថែទាំជំងឺបេះដូង និងសសៃឈាម អ្នកជំងឺមួយ ក្រុមសេវាថែទាំសុខភាពមួយ»។
សន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា ខាងលើនេះ មានការអញ្ជើញចូលរួមពីលោកសាស្ដ្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងសមាជិក សមាជិកា ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។ ពិធីនេះ ធ្វើនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីបើកវេជ្ជសាស្ដ្រប្រចាំឆ្នាំនេះ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា ក៏បានវាយតម្លៃខ្ពស់ លើថ្នាក់ដឹកនាំសមាគម និងគ្រូពេទ្យជំនាញ ដែលជាសមាជិកក្នុងសមាគម មានការអភិវឌ្ឍន៍ចំណេះជំនាញបានល្អ ហើយបានរៀបចំទៀងទាត់ ក្នុងការរៀបចំសន្និសីទប្រចាំឆ្នាំផងដែរ។
ឯកឧត្តមសាស្ដ្រាចារ្យ សុខ ជួរ បានថ្លែងថា សន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នា រវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ។
ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានលើកឡើងថា សន្និសិទវេជ្ជសាស្ត្រប្រចាំឆ្នាំនេះ មានទិសដៅស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការកើនឡើង នូវជំងឺមិនឆ្លង ជាពិសេសជំងឺបេះដូង និងសរសៃឈាមក្នុងប្រទេសកម្ពុជា។
បើតាមលោកសាស្ដ្រាចារ្យ សុខ ជួរ, សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាសមាគមវិទ្យាជីវៈវេជ្ជសា ស្ត្រ មិនរកប្រាក់កម្រៃ បង្កើតឡើងដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យខ្មែរ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក្នុងការពារ និងព្យាបាលប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា ចាប់តាំងពីបង្កើតឡើង សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលនិស្សិត និងរួមចំណែកក្នុងការបណ្តុះបណ្តាលបន្ត ដល់គ្រូពេទ្យខ្មែរ តាមរយៈសកម្មភាពផ្សេងៗដូចតទៅ៖
* រៀបចំជារៀងរាល់ឆ្នាំនូវសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ របស់សមាគមដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវៀងសហភាតរៈយើង
* រៀបចំជាសិក្ខាសាលាវេជ្ជសាស្ត្ររបស់សមាគម នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា
* ចូលរួមយ៉ាងសកម្មជាមួយគណៈគ្រូពេទ្យជាតិ ក្នុងការបណ្តុះបណ្តាលបន្តដល់សហភាគរៈ នៅតាមបណ្តាខេត្តនានា
* គាំទ្រដល់ការបណ្តុះបណ្តាលដល់និស្សិតឯកទេសបេះដូង
-ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំនូវមគ្គុទ្ទេសក៍ព្យាបាលជំងឺបេះដូង សរសៃ ឈាម -ល-៕