ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ដែលកន្លងមកបានផ្ដល់ការគាំទ្រទាំងសម្ភារៈ ថវិកា ជាពិសេស គ្រប់ៗគ្នាមានការគាំទ្រជាស្មារតីទៅដល់កងទ័ពជួរមុខរបស់យើង ក៏ដូចជាការផ្ដល់ការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ជាមួយប្រទេសជិតខាងពេលកន្លងមកនេះ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងដូច្នេះ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៤ ភូមិ សរុបចំនួន ១១, ៥៣៩ បណ្ណ ស្ថិតនៅ ឃុំព្រែកតាមាក់ និងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់វណ្ណនី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលកន្លងទៅថ្មីៗនេះ នៅបរិវេណវត្តសុវណ្ណវត្តី ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តស្មារតីសាមគ្គីភាព ឯកភាព ផ្តល់ការគាំទ្រដល់កងទ័ពរបស់យើង និងជឿទុកចិត្តរាជរដ្ឋាភិបាល ដើម្បីឱ្យការដោះស្រាយបញ្ហាជំលោះព្រំដែន ការការពារបូរណភាពទឹកដីបានជោគជ័យ និងបានបញ្ចប់កាន់តែឆាប់រហ័ស។ សូមមានស្មារតីសាមគ្គីភាព ឯកភាពជាតិ ផ្តល់ការស្រឡាញ់ ការទំនុកបំរុងគាំទ្រដល់បងប្អូនពលករដែលបានធ្វើការនៅប្រទេសថៃ ហើយទើបវិលត្រលប់មកកាន់មូលដ្ឋានវិញ ដែលពួកគាត់ជាជនរងគ្រោះរត់គេចពីស្ថានភាពអាក្រក់ដែលកើតមាននៅប្រទេសថៃ សូមឱ្យមានការយោគយល់ លើកទឹកចិត្តដល់ពួកគាត់ ដើម្បីឱ្យការរស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខដុមរមនាជាមួយគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការសរសើរ ដល់មន្ត្រីសូរិយោដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានយ៉ាងល្អប្រសើរ ឈនដល់ការចែកបណ្ណកម្មសិទ្ធិនាឱកាសនេះ និងដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទើបយើងអាចកសាងឯកសារ និងឈានដល់ការចេញបានកម្មសិទ្ធិជូនដល់កម្មសិទ្ធិករទាំងអស់នាថ្ងៃនេះ៕