ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានអញ្ជើញជាអធិបតី និងផ្តល់កិត្តិយសថ្លែងសុន្ទរកថាបិទ ព្រមទាំងចែករង្វាន់ជ័យលាភីជូនយុវជនក្នុងកម្មវិធីការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
នៅក្នុងកម្មវិធីនេះផងដែរ លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានគូសបញ្ជាក់ថាការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជ្រើសរើសយុវជនឆ្នើមវ័យក្មេងជាតំណាងប្រទេសនិងគុណតម្លៃរបស់កម្ពុជា សម្រាប់ចូលរួមការតស៊ូមតិថ្នាក់តំបន់អាស៊ានរបស់យុវជនស្តីពីសិទ្ធិមនុស្សលើកទី៧ ទន្ទឹមនេះ ក៏ជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងវប្បធម៌សន្ទនា ការគោរព និងការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ នេះក៏ជាការផ្ញើសារទៅកាន់តំបន់ និងពិភពលោកផងដែរថា កម្ពុជាយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើយុវជនរបស់ខ្លួន ដោយបានផ្ដល់ឱកាសដល់ពួកគេ ចូលរួមប្រកបដោយភាពស្ថាបនាលើបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ និងពិភពលោក ដោយសម្លេងប្អូនៗនៅក្នុងបន្ទប់នេះថ្ងៃនេះ បន្លឺឡើងហួសពីជញ្ជាំងទាំងនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថាការប្រកួតប្រជែងតស៊ូមតិ ឬនិយាយជាសាធារណៈនេះពិតជាមានសារៈសំខាន់ បើទោះជាបេក្ខជនមិនបានទទួលបានជ័យលាភីក៏ដោយ ក៏បេក្ខជនបានឈ្នះរួចហើយ ដោយបេក្ខជនម្នាក់ៗជំនះនិងជំរុញខ្លួនឯងឱ្យមានការស្រាវជ្រាវខ្ពស់ទៅប្រធានបទនីមួយៗដែលខ្លួនបានជ្រើសរើស។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗដែលទទួលបានជ័យលាភីចំនួន ៣រូប និងបេក្ខជនបំរុងចំនួន ៩រូប ត្រូវតែប្រកាន់ខ្លួនឱ្យបានសមរម្យ សុភារាបសារ ប៉ុន្តែរឹងមាំនិងត្រូវព្យាយាមស្រាវជ្រាវបន្ថែមទៀតក្នុងការតស៊ូមតិបន្តនៅថ្នាក់តំបន់ ដើម្បីដណ្តើមបានជ័យលាភីជាអ្នកមានវោហារសព្ទល្អ។ គួរបញ្ជាក់ផងដែរថា កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការតស៊ូមតិថ្នាក់តំបន់អាស៊ានស្តីពីសិទ្ធិមនុស្ស នាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្អូនៗ ដែលទទួលបានជោគជ័យនៅថ្ងៃនេះ និងបានជូនពរឱ្យទទួលបានជោគជ័យនៅថ្នាក់តំបន់ផងដែរ៕