លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) សិក្សានៅសាលាសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ពិធីនេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។
ជាកិច្ចចាប់ផ្ដើមកម្មវិធីបានបញ្ចាំងខ្សែវីដេអូ ខ្លីអំពីអាហារូបករណ៍ អ.ម.ត និងសុន្ទរកថាស្វាមគន៍ និងរបាយការណ៍របស់លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។
ក្នុងពិធិសំណេះសំណាលនេះផងដែរ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានអញ្ជើញមានចំណប់អារម្មណ៍ ជូនដល់សិនិស្សិតខ្មែរ ដែលត្រូវទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅដើមខែកញ្ញាខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងផ្ដល់អនុសាសន៍គន្លឹះ ដើម្បីទុកជាទន់ និងបទពិសោធន៍ជូនដល់និស្សិតផងដែរ៕