ឯកឧត្តម ឆាយ ឫទ្ធិសែន​ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២


ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការីក្រសួង អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសំណូមពររបស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ អំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានសម្ដែងនូវការដឹងគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើជើងលេខ៥២ ដែលតែងតែតស៊ូមិនរាថយ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសុខសន្តិភាពជូនជាតិ មាតុភូមិ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់ ព្រមទាំងក្រុមគ្រួសារកងទ័ពទាំងអស់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការចូលរួមចំណែក និងការយកចិត្តទុកដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការចង់សម្ព័ន្ធមេត្រីភាព ដោយជានិច្ចកាលតែងតែចុះជួបសំណេះសំណាល និងឧបត្ថម្ភជាសម្ភារចំបាច់ផ្សេងៗដែលអង្គភាពត្រូវការ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានប្រកាសថ្កោលទោសចំពោះការឈ្លានពានដោយខុសច្បាប់ និងដោយចេតនារបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនៃកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងបន្តនូវស្មារតីរួបរួមជាធ្លុងមួយជាខឿនការពារជាតិដ៏រឹងមាំ និងជាខ្នងបង្អែករបស់សមរភូមិមុខ ស្របនិងពាក្យ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ” ព្រមទាំងជូនពរឱ្យវីរយុទ្ធជនជួបតែសេចក្តីសុខ និងទទួលជ័យជម្នះលើសត្រូវឈ្លានពាន ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចថ្មើរជើងលេខ៥២ រួមមាន៖ អង្ករ ៣តោន, មី ១០០កេស, ស្កសរ ២០០គ.ក្រ, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ប្រេងឆា ១៥០លីត្រ, ទឹកសុទ្ធ ៥០កេស, នំអន្សម ៥០០នំ ព្រមទាំងម៉ាស់ការពារផ្សែងពុលចំនួន ១០០០ ឈុតផងដែរ តាមសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២ ។ ដោយឡែកសម្រាប់ក្រុមគ្រួសារកងទ័ព ចំនួន ២៥៧គ្រួសារ ឯកឧត្ដមរដ្ឋមន្ត្រីបានប្រគល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ, ក្រម៉ា ១, សារ៉ុង ១, សាប៊ូ ១កញ្ចប់, សំឡីអនាម័យនារី ១កញ្ចប់, និងថវិការចំនួន ១០ម៉ឺនរៀល៕