ឯកឧត្តម ប៉ែន បូណា៖ កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានារបស់ថៃ ដែលបង្កើតឡើងដើម្បីបំបែកបំបាក់ទឹកចិត្តខ្មែរ សាបរលាបទៅវិញ


ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនាពេលនេះ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានារបស់ភាគីថៃ ហើយធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រនេះសាបរលាបទៅវិញ។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតពីសំណាក់ថ្នាក់ដឹកនាកំពូល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កំពុងតែប្រព្រឹត្តិទៅដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំ GBC និង RBC។

កម្ពុជានៅតែបន្តប្តេជ្ញាចិត្ត ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅរកដំណោះស្រាយ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយសន្តិវិធី ដោយរក្សាបាននូវសុខសន្តិភាព សម្រាប់ប្រជាជាតិ និងប្រជាជនទាំងសងខាង។ ការអនុវត្តបទឈប់បាញ់នេះ បានប្រព្រឹត្តទៅក្រោមក្រសែភ្នែកអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ព្រមទាំងមានបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅតែរក្សាបាន ដោយពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តជ្រោងទង់ជាតិខ្មែរ និងបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៅលែង ចំពោះវីរកងទ័ព វីរៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ដែលឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា

ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ «មហាសាមគ្គីជាតិ ឯកភាពជាតិដ៏រឹងមាំ ដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានា ដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពល និងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស»

រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន នៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាអធិបតេយ្យភាព បូរណភាពទឹកដី ដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ៕