ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ពជួរមុខចំនួន ៨៥១គ្រួសារ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល។
នៅក្នុងឱកាសនេះដែរឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋជាគ្រួសារវីរកងទ័ព ដែលកំពុង មានវត្តមាននៅទីនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងជម្រាបជូនប្រជាពលរដ្ឋយើង ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋរស់នៅតាមព្រំដែន ដែលប្រឈមនឹងការភ័យខ្លាចដោយសារការផ្ទុះអាវុធពីកងទ័ពសៀមឈ្លានពាន។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋថា អំណោយដែលនាំមកចែកជូនគ្រួសារកងទ័ពនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកោឡើយ ជាពិសេសគឺគ្រួសារយោធិន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិយើង។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងគូសបញ្ជាក់ទៀតថា៖ចំពោះគ្រួសារវីរកងទ័ពជួរមុខ ដែលភរិយាមានផ្ទៃពោះ ហើយត្រូវទៅទទួលសេវាពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។
សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនដល់គ្រួសារវីរកងទ័ពនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកភេសជ្ជៈ១កេស ទឹកសុទ្ធ១កេស និងគ្រាប់ពូជបន្លែចំនួន ៦មុខ ចំនួន១ឃីដផងដែរ៕