ក្នុងឱកាសថ្លែងបើកវេទិកាជាតិគណនេយ្យ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ថា «កម្ពុជាមានប្រព័ន្ធគណនេយ្យ និងសវនកម្មជាតិដ៏រឹងមាំ, មានតម្លាភាព និង អាចជឿទុកចិត្តបាន» ដែលឆ្លុះបញ្ចាំងពីការខិតខំឥតស្រាកស្រាន្ត របស់រាជរដ្ឋាភិបាល ក្នុងការបន្តកែទម្រង់ស៊ីជម្រៅ និងមុតស្រួច និងដោយមានការចូលរួមជិតស្និទ្ធ ពីវិស័យឯកជន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្ថែមថា «ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងរហ័ស និងពិបាកប៉ាន់ស្មានបាននូវសភាពការណ៍សង្គម-សេដ្ឋកិច្ច ទាំងក្នុងកម្រិតតំបន់ និងសកលដូចបច្ចុប្បន្ន យើងគ្មានជម្រើសអ្វីដែលល្អជាងការបន្តយកចិត្តទុកដាក់ពង្រឹង និងសម្រួចកិច្ចការកែទម្រង់របស់យើងលើគ្រប់វិស័យនោះទេ។ ក្នុងន័យនេះ, យើងចាំបាច់ត្រូវយកចិត្តទុកដាក់ លើសុខដុមនីយកម្មបទប្បញ្ញត្តិ ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីធានារក្សាសិ្ថរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ប្រកបដោយទំនុកចិត្តខ្ពស់ ខណៈសុខដុមនីយកម្មបទប្បញ្ញត្តិ ត្រូវធានាឲ្យបាននូវគោលការណ៍សមភាព ក្នុងការគ្រប់គ្រងសហគ្រាសដើម្បីបង្កើតនូវសមាមាត្រភាពនៃការធ្វើបញ្ញត្តិកម្ម រវាងទំហំ និងវិស័យ របស់សហគ្រាសនីមួយៗ ព្រមទាំង ធានានូវសង្គតិភាពជាមួយឧត្តមានុវត្តន៍អន្តរជាតិ»។
ទន្ទឹមគ្នានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់និយ័តករគណនេយ្យ និង សវនកម្ម ត្រូវអនុវត្តយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យគណនេយ្យ និង សវនកម្ម នៅកម្ពុជា ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និង ការទទួលខុសត្រូវ ខ្ពស់។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជន នឹងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តនេះ ឲ្យសម្រេចបានលទ្ធផលល្អ តាមការគ្រោងទុក ទៅតាមដំណាក់កាលនីមួយៗ ក្នុងបុព្វហេតុនៃការកសាងឲ្យបាន នូវប្រព័ន្ធគណនេយ្យ និងសវនកម្មដ៏រឹងមាំមួយ សម្រាប់ជាតិ ដែលអាចធានាបាននូវគណនេយ្យភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន ។
លើសពីនេះទៅទៀត ក្រុមហ៊ុនគណនេយ្យ និងសវនកម្ម, សហគ្រាស, អង្គការមិនស្វែងរកប្រាក់ចំណេញ, វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ព្រមទាំងនិយ័តករគណនេយ្យ និងសវនកម្ម ត្រូវបន្តរួមគ្នាជំរុញ និងលើកកម្ពស់កម្រិតអនុលោមភាព ក្នុងការរាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានចីរភាព ដើម្បីបង្កើនទំនុកចិត្ត និងស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដោយធានាថាទីផ្សាររបស់យើង ដំណើរការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព, ហើយវិនិយោគិនរបស់យើង មានទំនុកចិត្តខ្ពស់ លើភាពត្រឹមត្រូវនៃទិន្នន័យហិរញ្ញវត្ថុរបស់យើង ដែលមានចីរភាព ។
ទន្ទឹមគ្នានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់និយ័តករគណនេយ្យ និង សវនកម្ម, រួមទាំងវិទ្យាស្ថានគណនេយ្យករ ជំនាញ និង សវនករកម្ពុជា និង សមាគមគណនេយ្យជំនាញ ACCA ត្រូវបន្តវិនិយោគជាយុទ្ធសាស្រ្ត លើការអភិវឌ្ឍមូលធនមនុស្ស, ជាពិសេសជំនាញវិជ្ជាជីវៈ ក្នុងការរាយការណ៌ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល ដែលត្រូវការជាចំាបាច់ ក្នុងការកសាង និង ការអភិវឌ្ឍវិស័យគណនេយ្យ និង សវនកម្ម ដើម្បីរក្សាបាននូវស្តង់ដាខ្ពស់៕