ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group ចូលជួបសម្តែងការគួរសម


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយប្រទេសកម្ពុជា នៅសណ្ឋាគារ Rex Hotel។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចនៅកម្ពុជាដល់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្តជាច្រើនយ៉ាង និងអាទិភាពកដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលកម្ពុជាជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅជុំវិញផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសម្ពុជា និងពិភពលោក ដោយកន្លងមកក្រសួង និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន បានសហការយ៉ាងជិតស្និទ្ធិ ដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកទេសចរ និងប្រជាពលរដ្ឋបរទេសកំពុងស្នាក់នៅនៅកម្ពុជា ជាពិសេសសម្របសម្រួលដល់ដំណើរកម្សាន្ត FAM Trip មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។

តាមរយៈជំនួបប្រកបដោយផ្លែផ្កា គូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីសិក្សាជាមួយវិស័យឯកជនកម្ពុជារៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា (Joint Tour Packages) ថ្មីបន្ថែមដែលមានលក្ខណៈទាក់ទាញ និងច្នៃប្រឌិត ជាពិសេសមានលក្ខណៈប្រកួតប្រជែង ព្រមទាំងជួយ សហការផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធិភាពទៅដល់ភ្ញៀវទេសចរវៀតណាម និងមកពីប្រទេសទីបី។