ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែយាងទៅតម្កល់គោរពបូជាក្នុងទីព្រះបរមចេតិយវត្តព្រៃពោន ស្រុកកំពង់ត្របែក


ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីដង្ហែយាង ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាតម្កល់គោរពបូជា ក្នុងទីព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទួលថា ខេត្តព្រៃវែង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានតម្កល់នៅព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ដែលនេះបង្ហាញឲ្យឃើញថា ខេត្តព្រៃវែង ជាខេត្តមួយដែលព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សពព្រះហឬទ័យ ក្នុងការតម្កល់ព្រះបរមអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ នៅលើទឹកដីខេត្តព្រៃវែង សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ គោរពបូជាបានគ្រប់ពេលវេលា។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរា មានព្រះរាជបន្ទូលបន្ថែមថា ស្នាមព្រះហស្ថរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជាឥស្សរជន លេចធ្លោ បំផុតលើឆាកជាតិ និងអន្តរជាតិ ក្នុងការទាមទារឯករាជ្យជាតិ និងមានស្នាមព្រះហស្ថរាប់មិនអស់សម្រាប់ជាតិ ដូច្នេះប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំមិនអាច ភ្លេចនូវគុណនូបការៈដ៏ជ្រាលជ្រៅ វិសេសថ្លៃថ្លា នៃស្នាព្រះហស្ថរបស់ព្រះអង្គដោយការគោរព និងក្តីអាលោះអាល័យជានិច្ចផងដែរ។

សម្ដេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលបន្ថែមថា ខេត្តព្រៃវែងជាខេត្តទី៨ ហើយដែលត្រូវបានដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) តម្កល់គោរពបូជា ក្នុងទីព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ ហើយបុណ្យនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីញាតិញោមពុទ្ធបរិស័ទ្ធ ជិតឆ្ងាយគ្រប់ៗគ្នាទាំងអស់ ដោយការគោរពស្រឡាញ់ចំពោះ ព្រះបរមរតនកោដ្ឋ ដែលជាមហាវីរក្សត្រ ដែលមានស្នាព្រះហស្ថ ជាច្រើនសម្រាប់ជាតិ មាតុភូមិ៕