ព្រះមហាក្សត្រ ចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស​នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ


ព្រះមហាក្សត្រ ចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស​នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២៥ ទ្រង់បានចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ។

នៅក្នុងព្រះរាជសាររបស់ព្រះអង្គនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដូនតា ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាម ធ្វើបុណ្យទានសម្តែង នូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាព ជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន មានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គ ម្ចាស់ក្សត្រិយ៍ អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ចៅៗ បងប្អូនជនរួមជាតិ ទាំងអស់ សូមប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការ និងព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ៕