ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រម ដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ នេះបើតាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញា នីតិកាលទី៥។
ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
មាត្រាមួយ –
មាត្រា១ មាត្រា៧ មាត្រា១៦ មាត្រា២៧ មាត្រា២៨ មាត្រា២៩ និងមាត្រា៣៤ នៃច្បាប់ស្តីពីសញ្ជាតិ
ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបាន
ធ្វើវិសោធនកម្មដូចតទៅ៖
មាត្រា១ ថ្មី
ច្បាប់នេះមានគោលបំណងធានាការអនុវត្ដដែនយុត្តាធិការរបស់ព្រះរាជាណាចក្រកម្ពុជា ទៅលើរូបវន្តបុគ្គលដើម្បីកំណត់អំពីការទទួលបានសញ្ជាតិខ្មែរ ព្រមទាំងការបាត់សញ្ជាតិខ្មែរតាមរយៈការលះបង់សញ្ជាតិខ្មែរនិងការដកសញ្ញាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ។
មាត្រា៧ ថ្មី
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
មាត្រា១៦ ថ្មី
ជនដែលត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
ខ្លឹមសារនៃសម្បថ មានភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់នេះ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដល់ជូនបន្ទាប់ពីបានបំពេញ
រួចរាល់នូវនីតិវិធីនៃការធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
មាត្រា២៧ ថ្មី
ជនដែលត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
ខ្លឹមសារនៃសម្បថ មានភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់នេះ។
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដល់ជូនបន្ទាប់ពីបានបំពេញ
រួចរាល់នូវនីតិវិធីនៃការធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
មាត្រា២៨ ថ្មី
ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨(ដប់ប្រាំបី)ឆ្នាំ យ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរបានដោយស្ម័គ្រចិត្ត
ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត។
ត្រូវបានអនុញ្ញាតឱ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរជាម្ដាយឬឪពុក
ដែលមានកូនជាអនីតិជន។
បែបបទនិងនីតិវិធីនៃការសុំលះបង់សញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។
ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
មាត្រា២៩ ថ្មី
ប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ញាតិខ្មែរ ក្នុងករណីណាមួយ ដូចខាងក្រោម៖
១- ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ហាពីរាជរដ្ឋាភិបាលកម្ពុជា។
៤- បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិត។
៥- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ
ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ១៨(ដប់ប្រាំបី)ឆ្នាំ
យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួល
បានសញ្ញាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។ ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួល
បានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើតនិងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យ
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បែបបទនិងនីតិវិធីនៃការដកសញ្ញាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។
ការដកសញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
មាត្រា៣៤ ថ្មី
ចំពោះរូបវន្តបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះតុលាការអាចប្រកាសទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
ខាងក្រោមនេះជាព្រះរាជក្រមដែលដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីសញ្ជាតិ៖