ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកព្រែកជ្រៃ និងប្រឡាយលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល


នៅល្ងាចថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង និងទីប្រឹក្សាជាតិ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងវិស័យធនធានទឹក នៅស្ថានីយបូមទឹកព្រែកជ្រៃ និងប្រឡាយលេខ៧៨ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រដូវនេះជារដូវវស្សាចាំបាច់ណាស់ត្រូវពិនិត្យតាមដានឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ ព្រមទាំងក្តាប់ឱ្យបាននូវស្ថានភាពទឹកជំនន់ក្នុងគោលបំណងរៀបចំផែនការទប់ស្កាត់ និងបង្ការឱ្យបានទាន់ពេលវេលា៕