សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ្ធ ក្នុងឱកាសឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។
ជាមួយនឹងពាក្យជូនពរឱ្យធ្វើដំណើរសុខសុវត្ថិភាពហើយនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត សូមរៀបចំសណ្តាប់ធ្នាប់តាមទីវត្តអារាមឱ្យបានល្អ ដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចធ្វើបុណ្យទានបានក្នុងបរិយាកាសសប្បាយរីករាយ។
សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។
សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូន ជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!»។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕