ប្រធានាធិបតីហ្វីលីពីន និងភរិយា ចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា


ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) និងលោកជំទាវទី១​ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady LOUISE ARANETA-MARCOS)​ បានដឹក​នាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជាហើយនៅវេលាម៉ោង…រសៀលថ្ងៃអាទិត្យ ទី៧ ខែ​កញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅ​កម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ប្រធានាធិបតី និងភរិយា ធ្វើឡើងតបតាមការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។

ឯកឧត្តម ប្រធានាធិបតី និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើ​ការ​ពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផល​ប្រ​យោជន៍​ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ត​រ​ជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី​មួយ​ចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯក​រាជ្យ និង​នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរម​រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ។

ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើរួមគ្នានាពេលកន្លងមកនោះ មានដូចជា៖ វិស័យសេដ្ឋកិច្ច, វិស័យសន្តិសុខ និងការពារជាតិ, វិស័យអប់រំ និងសុខាភិបាល, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យកសិកម្ម និងពាណិជ្ជកម្ម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យបរិស្ថានជាដើម។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធា​នា​ធិប​តី ហ្វីលីពីននាពេលនេះ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវ​ចំណង​មិត្តភាព និងសាមគ្គី​ភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជន​ប្រទេស​ទាំងពីរ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​ការនៅ​ប្រទេសហ្វីលីពីនផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ បានមេដឹកនាំ​កម្ពុជា និងហ្វីលីពីន បានប្រកាសលើកកម្ពស់ទំនាក់ទំនិង និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ផងដែរ។ឯកសារដែលបានចុះហត្ថលេខានោះរួមមាន៖

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

២៖ អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហ ប្រតិបត្តិការ វិនិ យោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ វិនិយោគ ហ្វីលីពីន ។

៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិ បាល ហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់ នៃទ្រព្យ សម្បត្តិ វប្បធម៌ ។

៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាល ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជ កម្ម ។

៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការ ប្រកួតប្រជែង កម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ ប្រកួត ប្រជែង ។

៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ។

៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញ​ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន៕