នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបុណ្យម៉ៅឡត់ នៅវិហារកែវសអូរឫស្សី ស្ថិតក្នុងភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់កម្ពុជា ឯកឧត្ដម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម បូ វុទ្ធី ឯកឧត្ដម សុះ ស៊ុបអ៊ី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអូរឫស្សី ព្រមទាំងកឹមៗតាមវិហារក្នុងស្រុក និងក្រៅស្រុក រួមជាមួយបងប្អូនសាសនិកឥស្លាមនៅវិហារកែវសអូរឫស្សី។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ជូនដល់បងប្អូនសាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់ទាំងអស់ក្នុងឱកាសនៃពិធីបុណ្យម៉ៅឡត់ ដែលជាថ្ងៃកំណើតព្រះអាឡោះ។ ឯកឧត្តមបណ្ឌិត ក៏បានលេីកឡេីងពីគុណតម្លៃនៃសន្តិភាព ព្រោះមានសុខសន្តិភាពទេីបយេីងទាំងអស់គ្នាអាចមានពេលវេលាជួបជុំគ្នាប្រារព្ធពិធីសាសនាបាន។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនសាសនិកឥស្លាមទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងដោះស្រាយបញ្ហានានា។ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវថវិកាចូលរួមចំណែកក្នុងពិធីបុណ្យម៉ៅឡត់ សម្រាប់វិហារកែវសអូរឫស្សី ចំនួន ១,០០០,០០០ រៀល ដោយឡែកវិហារទាំង ១៥ ក្នុងស្រុកកំពង់ត្រឡាចក្នុងមួយវិហារ ១០០,០០០ រៀលផងដែរ។
នាថ្ងៃដដែលនោះ ឯកឧត្ដមបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារជួសជុល អភិរក្សសំណង់ព្រះវិហារបុរាណ ស្ថិតក្នុងវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលេី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ត្រីជំនាញនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ រដ្ឋបាលឃុំកំពង់ត្រឡាច ព្រមទាំងគណៈកម្មាធិការចំណុះជេីងវត្តកំពង់ត្រឡាចផងដែរ៕








