ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព


ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម ម៉ាកុស ជេអ និងជំទាវទី១ របស់ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕