ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើកិច្ចដំណើរការការងារ និងការគ្រប់គ្រង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា


នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីពិនិត្យលើកិច្ចដំណើរការការងារនិងការគ្រប់គ្រង នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ថ្មីៗបន្ថែមសម្រាប់ការតម្រង់ទិសការងារកំណែទម្រង់ស្ថាប័ន និងការងារគ្រប់គ្រង ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ និងសុក្រឹតភាព ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យបន្តការយកចិត្តទុកដាក់លើការពង្រឹងវិន័យ រក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងស្ថាប័ន ហើយអនុវត្តការងារប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីអភិវឌ្ឍស្ថាប័នឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ និងជាស្ថាប័នសម្របសម្រួលនៅថ្នាក់ជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ ដើម្បីបុព្វហេតុសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជន និងដើម្បីបុព្វហេតុសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕