រដ្ឋសភាបានអនុម័តការស្នើផ្លាស់ប្តូរសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន ក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ ជាមួយការអនុម័ត ៧០សម្លេងលើ ១០៧សម្លេង ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា… និងប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរកការអនុម័តសមាសភាពគណរដ្ឋមន្ត្រី ថ្មីនេះផងដែរ ។
សូមជំរាបថា ការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រី គឺត្រូវការសម្លេង ៥០ភាគរយបូកមួយតែប៉ុណ្ណោះ ដែលស្មើនឹងការរកសម្លេងគាំទ្រចំនួន ៦៧នាក់ ក្នុងរដ្ឋសភា… គ្រាដែលសម្លេងសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៦៨សម្លេងទៅហើយ ។ ទោះជាយ៉ាងណាក៏ដោយ ការអនុម័តគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនេះ មានចំនួន ៧០សម្លេង បានគាំទ្រ មានន័យថា ២សម្លេងទៀត គឺជាសម្លេងបានមកពីគណបក្សសង្គ្រោះជាតិ បើទោះបីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ បានរារាំងសមាជិកមិនឱ្យបោះឆ្នោតគាំទ្រ ការស្នើរបស់គណបក្សប្រជាជនក៏ដោយ ។ សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីនេះ នឹងត្រូវបញ្ជូនទៅស្ថាប័នព្រឹទ្ធសភា ដើម្បីស្វែងរកការយល់ព្រមបន្ថែមទៀត ។