និស្សិតកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងខ្សែវីដេអូខ្លី ក្នុងចំណោម ២០ប្រទេស ដែលប្រើប្រាស់ភាសាបារាំង ក្នុងតំបន់អាស៊ីបាស៊ីហ្វិច ។
និស្សិតទាំង៣ ដែលបានចំណាត់ថ្នាក់លេខ១ នេះ គឺជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានផលិតខ្សែវីឌីអូរយៈពេល ៣នាទី ថតដោយទូរស័ព្ទដៃ ។ ខ្សែវីដេអូ ៣នាទីនោះ បានបង្ហាញពីអត្ថប្រយោជន៍ក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា ។
ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតជ័យលាភី នៅរសៀលថ្ងៃទី៤ ខែមេសានេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ពានរង្វាន់ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងកេរ្តិ៍ឈ្មោះផ្ទាល់របស់បេក្ខជនជ័យលាភីប៉ុណ្ណោះទេ តែវាក៏ជាកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាផងនោះដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា លោកពិតជាមានមោទនភាព និងសូមកោតសសើរដល់និស្សិតកម្ពុជា ដែលដណ្តើមបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតខ្សែវីឌីអូខ្លី ជាមួយនិស្សិតនៃសាកលវិទ្យាល័យនានា នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តម សាផុន វឌ្ឍនៈ បានមានប្រសាសន៍ថា ការឈ្នះជ័យលាភីរបស់និស្សិត កម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងថា និស្សិតកម្ពុជាមានចំណេះដឹងទូលំទូលាយ ស្វាហាប់ មានគំនិតច្នៃប្រឌិត ចេះបត់បែនតាមកាលៈទេសៈ និងអាចផ្សារភ្ជាប់ទៅកាន់ពិភពលោក ។ លោកថាខ្សែវីឌីអូដែលនិស្សិតផលិតនេះ មានចំណងជើងថា Le français, c’est bon pour la santé! គឺជាខ្សែវីឌីអូដែលមានភាពរស់រវើក និងបានឆ្លុះបញ្ចាំងពីភាពរីករាយ និងការប្រឈមក្នុងការសិក្សាវេជ្ជសាស្រ្ត នៅប្រទេសកម្ពុជា ។ ខ្សែភាពយន្តនេះ ក៏បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើន សម្រាប់ការសិក្សាផ្នែកវេជ្ជសាស្រ្ត រួមមានការសិក្សាដោយមានការយកចិត្តទុកដាក់ខ្ពស់… ជាច្រករុករកទិន្នន័យវិទ្យាសាស្រ្ត និងច្រកនៃការស្គាល់ពីវប្បធម៌បរទេស ក៏ដូចជាសម្រាប់ការផ្លាស់ប្តូរ និងការចែករំលែកផ្សេងៗ ។
សូមជំរាបថា ពិធីសំណេះសំណាល នៅរសៀលថ្ងៃទី៤ ខែមេសានេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ឯកឧត្តម Jean-Claude POIMBOEUF និង តំណាងទីភ្នាក់ងារសាកលវិទ្យាល័យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង លោក Alex Brayle ផងនោះដែរ ។