លោកជំទាវបណ្ឌិត ជា សិរី ចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដល់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាត្រូវបានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី «តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល» នៅក្នុងសន្និសីទ Banking Summit Asia របស់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅទីក្រុងហុងកុង ប្រទេសចិន។

ក្នុងនោះលោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដល់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times។
ក្នុងកម្មវិធីដែលមានការចូលរួម ពីនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារធំៗនៅក្នុងតំបន់អាស៊ីនេះ។

លោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកពីបទពិសោធរបស់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃ ការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងរំលេចពីអត្ថប្រយោជន៍ នៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសនៅតំបន់ជនបទ»។

លោកជំទាវបណ្ឌិត ជា សិរ ក៏បានលើកឡើងពីការអភិវឌ្ឍ និងការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធទូទាត់បាគង ដែលអនុញ្ញាតឱ្យកម្ពុជា ឈានជើងចេញពីការទូទាត់បែបប្រពៃណី និងវិវត្តន៍ឆ្ពោះទៅការទូទាត់បែបទំនើបតាមបច្ចេកវិទ្យាចុងក្រោយ សំដៅជួយជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារឌីជីថល។

ក្នុងនោះផងដែរលោកជំទាវបណ្ឌិត ជា សិរី ក៏បានទាញចំណាប់អារម្មណ៍វិនិយោគិនស្ថាប័នធំៗ ដោយបានបង្ហាញអំពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ៕