ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោក David Simmonds ប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុន CLP Holdings Limited។
លោក David Simmonds បានជម្រាបជូនអំពីសាវតារបស់ក្រុមហ៊ុន China Light and Power Holdings Limited (CLP) ដែលត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងតាំងពីឆ្នាំ១៩០១ ពោលគឺមានអាយុកាលប្រមាណជាង ១២៥ឆ្នាំ និងកំពុងវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី និងថាមពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន CLP កំពុងខិតខំចាប់យកឱកាសថ្មីៗដើម្បីពង្រីកខ្លួនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិវត្តរបស់ពិភពលោកដែលកំពុងអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឌីជីថលូបនីយកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងជំរុញឱ្យការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់កម្ពុជាឈានដល់ប្រមាណ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។
លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងជួយសម្របសម្រួលយ៉ាងពេញទំហឹងក្នុងករណីក្រុមហ៊ុន CLP Holdings Limited ចង់ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើថាមពលកកើតឡើងវិញ៕