រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យូទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩


(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១សាលាខេត្ត បានអញ្ជើញប្រគល់ទទួលកុំព្យូទ័រយួរដៃ ដល់លោក លោកស្រី មេឃុំ ចៅសង្កាត់ នៃរដ្ឋបាលឃុំសង្កាត់ទាំង៤៩ ក្នុងខេត្តពោធិ៍សាត់ ទុកឱ្យជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ ប្រើប្រាស់ក្នុងការរៀបចំរបាយណ៍មូលនិធីគាំទ្រការផ្តល់សេវាឃុំ សង្កាត់ តាមប្រព័ន្ធឌីជីថល ដើម្បីងាយស្រួលក្នុងការតាមដាន និងការរាយការណ៍ អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាព កម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណលោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងសហការី ព្រមទាំងម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ក្រុមការងារនៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងបានផ្ទេរមូលនិធិគាំទ្រផ្តល់សេវា។ គម្រោងអាហារូបត្ថម្ភខេត្តពោធិ៍សាត់ ត្រូវបានអនុវត្តដោយចែកចេញជា៣ដំណាក់កាល ត្រូវចាប់ផ្តើមពីជុំទី៣ មាន១ស្រុក ជុំទី៤ មាន៤ស្រុក ក្រុង និងជុំទី៥ មាន២ស្រុក ដែលមាន៧ស្រុក ក្រុង៤៩ឃុំ សង្កាត់ និង៥២៧ភូមិ។

ឯកឧត្តមបានឱ្យដឹងទៀតថា ដំណាក់កាលទី១(ជុំទី៣)គឺស្រុកបាកានមាន៩ឃុំ និង១៣២ភូមិ អនុវត្តក្នុងឆមាសទី ឆ្នាំ២០២២។ ដំណាក់កាលទី២ (ជុំទី៤) មាន៤ស្រុក គឺស្រុកវាលវែង ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ មាន២០ឃុំ សង្កាត់ និង១៧៤ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៣។ ដំណាក់កាលទី៣ (ជុំទី៥) មាន២ស្រុក គឺស្រុកក្រគរ និងស្រុកណ្តៀង មាន២០ឃុំ និង២១៩ភូមិ អនុវត្តក្នុងឆ្នាំ២០២៤។ ជាមួយគ្នានោះក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្ត បានកែសម្រួល និងសម្របសម្រួលរៀបចំជ្រើសរើសក្រុមទ្រទ្រង់សុខភាព បាន៥២៧ភូមិ ស្មើនឹង១,០៥៤ក្រុម ក្នុង១ភូមិ២នាក់ ក្នុងនោះមានស្រ្តី ចំនួន៨៣៥នាក់។

ក្រៅពីនោះបានរៀបចំជនបង្គោលការងារបរិស្ថាន សង្គម និងជនជាតិដើមភាគតិច ដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់ ដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ក្នុងការបណ្តុះបណ្តាលសុខភាពមាតាទារក កុមារ និងអាហារូបត្ថម្ភ ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងឃុំ សង្កាត់ និងក្រុមទ្រទ្រង់សុខភាពភូមិ។ លោកបានលើកឡើងទៀតថា កិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ គឺដើម្បីដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិ វិធីសាស្ត្រវាយតម្លៃ និងការដាក់ពិន្ទុតាមសូចនាករវាយតម្លៃប្រចាំឆមាសនីមួយៗ និងរៀបចំរបាយការណ៍ តាមប្រព័ន្ធឌីជីថល។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តមសូមឱ្យលោក លោកស្រី ទាំង៤៩ឃុំ សង្កាត់ ក្រោយពីទទួលបាននូវកុំព្យួទ័រយួរដៃ គប្បីយកទៅប្រើប្រាស់បម្រើផលប្រយោជន៍សាធារណៈ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្ស ពីព្រោះមានសារៈប្រយោជន៍ ក្នុងការទុកដាក់ឯកសារ របាយការណ៍តាមប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការតាមដាន និងរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនៃកម្មវិធី ឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ ត្រឹមត្រូវ និងគ្មានការបាត់បង់។ តាមរយៈនេះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជា និងថ្នាក់ខេត្ត កន្លងមកទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕