លោកជំទាវ ឱ វណ្ណឌីន៖ មនុស្សប្រមាណជា ៦០០លាននាក់ ទទួលរងជំងឺដែលបណ្តាលមកពីអាហារមិនមានសុវត្ថិភាពជារៀងរាល់ឆ្នាំ ក្នុងនោះស្លាប់ចំនួន ៤២ម៉ឺននាក់ រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ ១២ម៉ឺននាក់


លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា អាហារគ្មានសុវត្ថិភាព និងអាហាររូបត្ថម្ភមិនល្អ នាំចូលឆ្លងកាត់ព្រំដែន ការគំរាមកំហែងដល់អាយុជីវិត បន្ទុកប្រព័ន្ធសុខាភិបាល និងប៉ះពាល់ដល់វិបុលភាពរបស់យើងទាំងអស់គ្នា។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រមាណជា ៦០០លាននាក់ ទទួលរងជំងឺដែលបណ្តាលមកពីអាហារមិនមានសុវត្ថិភាពជារៀងរាល់ឆ្នាំ ដែលនាំឱ្យមានការស្លាប់ចំនួន ៤២០,០០០នាក់ រួមទាំងកុមារ ១២៤,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំផងដែរ។

លោកជំទាវបានថ្លែងទៀតថា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រឈមនឹងការខាតបង់ប្រចាំឆ្នាំដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងចំនួនប្រមាណជា ១១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅចន្លោះឆ្នាំ២០១៥ និង២០២១ ជំងឺដែលបណ្តាលមកពីចំណីអាហារមិនល្អ បានសម្លាប់មនុស្សអស់ ១១៩នាក់ និងប៉ះពាល់ដល់បុគ្គល ៤,៧០០នាក់នៅក្នុងប្រទេសកម្ពុជា។ តាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ៩៧% នៃអ្នកប្រើប្រាស់ បារម្ភអំពីសុវត្ថិភាពចំណីអាហារ ហើយជាងពាក់កណ្តាលមានបានជួបប្រទះជំងឺដោយសារតែអាហារមិនមានសុវត្ថិភាព។

«នៅពីក្រោយរឿងទាំងនេះ បានរម្លឹកខ្ញុំពីការតស៊ូផ្ទាល់ខ្លួនដែលដក់នៅក្នុងអារម្មណ៍ខ្ញុំ ខ្ញុំនៅនឹកគិតដល់អ្នកម្តាយខ្ញុំ ដែលបានឆ្លងកាត់របបខ្មែរក្រហម ពេលដែលអាហារខ្វះខាតខ្លាំងមែនទែន ប៉ុន្តែ គាត់បានតស៊ូ ដើម្បីចិញ្ចឹមកូនរបស់គាត់ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកម្ដាយខ្មែរមួយរូបនេះ នៅតែគិតដល់អាហាររូបត្ថម្ភដល់កូនៗ ព្រោះអាហារ គឺជាវត្ថុចាំបាច់មិនអាចខ្វះបាន សម្រាប់ការគាំពារសុខភាព។ លើសពីនេះ មានជារឿងរ៉ាវដែលគួរឱ្យរំឭកនៅពេលនេះថា សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ មិនមែនគ្រាន់ តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ ជាភាពចាំបាច់ដើម្បីទ្រទ្រង់ជីវិត»

នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ ឱ វណ្ឌឌីន ក្នុងឱកាសតំណាង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឡើងថ្លែងសន្ទុរកថាក្នុងវេទិការង ស្តីពី «ការទំនាក់ទំនង និងសហប្រតិបត្តិការ ចិន-អាស៊ាន លើសុវត្ថិភាពចំណីអាហារ និងអាហាររូបត្ថម្ភ» (Sub-Forum on China–ASEAN Food Safety Communication and Nutrition Health) នាទីក្រុងហ្វាងឆឹង សាធារណរដ្ឋប្រជាមានិតចិន។

វេទិការរង (Sub-Forum) ដ៏សំខាន់មួយនៅថ្ងៃទីបី ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៥ នៃកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល ដែលប្រព្រឹត្តទៅនៅទីក្រុងហ្វាងឆឹងហ្គាងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសមាសភាពថ្នាក់ដឹកនាំជាច្រើននាក់ចូលរួម ពីអនុរដ្ឋមន្ត្រី គណៈប្រតិភូនៃប្រទេសអាស៊ាន និងប្រទេសចិន តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសចិន ចៅហ្វាយក្រុងរង តំណាងគណកម្មការសុខាភិបាលចិន និងអង្គការផ្សេងៗ សរុបអ្នកចូលរួមប្រមាណជាង ២០០នាក់។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល កម្ពុជាបានដាក់សន្តិសុខស្បៀង និងអាហារូបត្ថម្ភជារឿងសំខាន់ និងជាបេះដូងរបស់យើង។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយអាទិភាពច្បាស់លាស់របស់យើងគឺ៖
១៖ ពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងប្រព័ន្ធឃ្លាំមើលស្របតាមស្តង់ដារ Codex ។
២៖ ផ្សព្វផ្សាយអាហារចម្រុះ មានជីវជាតិ និងប្រភពក្នុងស្រុកដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ។
៣៖ ជំរុញភាពជាដៃគូសាធារណៈ និងឯកជនតាមរយៈខ្សែសង្វាក់ផលិតកម្មចណីអាហារ។

សម្រាប់អត្រាក្រិន មិនលូតលាស់របស់កុមារបានធ្លាក់ចុះពី ៣២% ក្នុងឆ្នាំ២០១៤ ដល់ ២២% ក្នុងឆ្នាំ២០២១ តែទោះយ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមាន អត្រាបំបៅដោះកូនផ្តាច់តែមួយមុខគត់ បានធ្លាក់ចុះពី ៦៥% ទៅ ៥0%។
ប្រាកដណាស់គ្មានប្រទេសណាអាចដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបានទេ។ ការប្រែប្រួលអាកាសធាតុ ភ្នាក់ងារបង្ករោគ និងជំងឺទាក់ទងទៅនឹងអាហារូបត្ថម្ភ គឺជាបញ្ហាប្រឈមឆ្លងដែន ហេតុដូច្នេះហើយបានជាកម្ពុជា ឱ្យតម្លៃលើភាពជាដៃគូជាមួយ អាស៊ាន និងចិន។ ការច្នៃប្រឌិតរបស់ប្រទេសចិនក្នុងបច្ចេកវិទ្យាសុវត្ថិភាពចំណីអាហារ ការតាមដានឌីជីថល និងកម្មវិធីអាហារូបត្ថម្ភ ផ្តល់នូវឱកាសសិក្សាដ៏មានតម្លៃដល់ការបង្កើនភាពរឹងមាំលើការអនុវត្តកសិកម្មដ៏សម្បូរបែបរបស់អាស៊ាន។

ក្នុងឱកាសនោះលោកជំទាវបានស្នើចំណុចបីយ៉ាងនៃសកម្មភាពរួមគ្នារួមាន៖
១៖ ផែនការការងាររួមចិន-អាស៊ាន ស្តីពីសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ដែលមានចំណុចសំខាន់សម្រាប់រយៈពេលបីឆ្នាំខាងមុខ។
២៖ គំនិតផ្តួចផ្តើមកែលម្អរនៅក្នុងខ្សែសង្វាក់ផលិតកម្មចំណីអារហារសំខាន់ – ដូចជាស្រូវ វារីវប្បកម្ម និងផ្លែឈើ ដែលបង្ហាញពីផលប៉ះពាល់មកដល់សុខភាពរបស់យើង។
៣៖ ផ្តោតលើការបំបៅកូនដោយទឹកដោះម្តាយ ផ្តាច់មុខ ការទំនាក់ទំនងសុវត្ថិភាពចំណីអាហារ និងគោលនយោបាយអាហារូបត្ថម្ភសម្រាប់សហគមន៍។ តាមរយៈការសម្របសម្រួលស្តង់ដារ ការតម្រឹមបទប្បញ្ញត្តិ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍តាមរយៈការផ្តល់អាហារនៅតាមសាលារៀន និងគម្រោងអាហារូបត្ថម្ភ យើងអាចការពារសុខភាព ជំរុញការលូតលាស់ និងពង្រឹងសាមគ្គីភាព។

លោកជំទាវបន្ដថា សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈសាមគ្គីភាព ភាពជាដៃគូរវាងកម្ពុជា ចិន និងអាស៊ានអាចធានាបានថា កុមារគ្រប់រូបត្រូវបានចិញ្ចឹមបីបាច់ គ្រប់ក្រុមគ្រួសារមានអារម្មណ៍សុវត្ថិភាព ហើយសហគមន៍ទាំងអស់រីកចម្រើន។ អាហារដែលមានជីវជាតិ និងការអនុវត្តការចិញ្ចឹមបីបាច់ត្រឹមត្រូវ គឺចាំបាច់ណាស់ សម្រាប់ការលូតលាស់ប្រកបដោយនិរន្តរភាព សន្តិភាព និងអាយុវែង៕