រដ្ឋមន្ដ្រី ហួត ហាក់ ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញផ្លាស់ប្ដូរដល់វិស័យទេសចរណ៍


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។

ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី «ទេសចរណ៍ឌីជីថល» រួមជាមួយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយអំពី និរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង ស្រុក, សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍, វាគ្មិនកិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ,ការសិក្សា, ការប្រកបអាជីវកម្ម, វិទ្យាសាស្ត្រសុខាភិបាល, យោធា ការផ្ដល់សេវាសាធារណៈ, ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។

ជាមួយគ្នានេះ លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។

ទន្ទឹមនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព, និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស៕