សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់អំពីសារបាននៃបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ និងសង្ឃឹមថា ព្រុយណេបន្ដតាមដានជំរុញការគោរពបទឈប់បាញ់ឲ្យបានជាដាច់ខាត។ ការលើកឡើងរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ និងការស្វាគមន៍ចំពោះលោកមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមាននេះជាផ្នែកដ៏សំខាន់ក្នុងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នាឱកាសនោះ លោកឧត្ដមសេនីយ៍ទោដែលជាមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានសម្ដែងនូវក្ដីអរគុណជាពន្លឹកដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម នៅក្នុងឱកាសនេះ។
លោកមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បាននាំយកនូវសារសួរសុខទុក្ខពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ ចំពោះសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ដោយលោកទាំងពីរគឺជាមិត្ត និងជាបងប្អូនធម៌និងគ្នា។ លោកក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងជាឱកាសមួយក្នុងការបំពេញកិច្ចការងារសំខាន់ៗបន្ថែមទៀត ដើម្បីញ៉ាំងទំនាក់ទំនងវិស័យយោធារវាងកម្ពុជា និងព្រុយណេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអរព្រះគុណតាមរយៈលោកមេបញ្ជាការកងទ័ពភូមិន្ទប្រុយណេ ដើម្បីផ្ដាំអរព្រះគុណថ្វាយចំពោះព្រះចៅ ស៊ូតង់ ព្រុយណេដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេចតេជោ។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានផ្ញើការសួរសុខទុក្ខ និងក្ដីនឹករលឹកទៅវិញផងដែរ ក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។
ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរបច្ចុប្បន្ន ហើយសម្ដេចចង់ឃើញការពង្រីកនូវសក្ដានុពលយោធានៃប្រទេសទាំងពីរ បង្កើនថែមទៀតឲ្យកាន់តែមានភាពល្អប្រសើរ និងមានភាពប្រទាក់ក្រឡាគ្នា នៅក្នុងវិស័យយោធា។
សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីសារបាននៃបញ្ហាមួយនេះ ហើយសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេសក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងជំរុញឲ្យភាគីទាំងពីររក្សានូវភាពអត់ធ្មត់ និងសន្តិវិធី។ ជាពិសេសដោយគោរពបទឈប់បាញ់ឲ្យបានជាដាច់ខាត។
សម្ដេចតេជោ ក៏បានអរគុណទៅកាន់តួនាទីរបស់ព្រុយណេ ក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការណ៍ ក្នុងការអង្កេតទៅលើស្ថានភាពព្រំដែនកម្ពុជា និងថៃដែលបានកំពុងកើតមានឡើង។ ជាចុងក្រោយសម្ដេចតេជោ បានរំពឹងថា ទំនាក់ទំនងកម្ពុជា និងព្រុយណេកាន់តែរីកចម្រើន ហើយជូនពរឲ្យលោកមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជោគជ័យក្នុងការបំពេញបេសសកម្មទស្សនកិច្ចនៅកម្ពុជា៕