ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតី ក្នុងពិធីពិធីអបអរសាទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ ក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគត ជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល» នៅភូមិកូនត្នោត (បរិវេណអាស្រមអរិយសមាធិកូនត្នោត) ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកស្រី នួន មុនីចន្ថា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយិការងទីចាត់ការអន្តរវិស័យ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍នានា អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនជនជាតិដើមភាគតិច និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
ឯកឧត្តម ព្រីម រដ្ឋា បានលើកឡើងថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជាក្នុងទឹកដី នៃស្រុកកំពង់ស្វាយ ក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិស អនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល» គឺពិតជាមានសារៈសំខាន់ណាស់ក្នុង ការចូលរួមចំណែកអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងភាសាដ៏ល្អផូផង់របស់ជនជាតិដើមភាគតិច ដោយផ្តល់ឱកាស និងលើកសិទ្ធិសេរីភាព សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងផ្នែកប្រពៃណី និងខាងបច្ចេកវិទ្យាសាស្រ្តឌីជីថល ក្នុងការបញ្ចេញមតិយោបល់ ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យលុបបំបាត់ទាំងស្រុង ចំពោះការរើសអើងក្នុងសង្គម កាត់បន្ថយភាពក្រីក្រ ក៏ដូចជាលើកកម្ពស់ អភិបាលកិច្ចល្អ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០១៩-២០៣០ គឺការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។
ឯកឧត្តមបានបន្តថា យុវជនជនជាតិដើមភាគតិច ត្រូវបន្តអភិវឌ្ឍន៍ខ្លួនពេញមួយជីវិត ទាំងចំណេះដឹង វិទ្យាសាស្ត្រ និងចំណេះដឹងប្រពៃណី ដើម្បីដើរទាន់សកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថល ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ចំណេះដឹងប្រពៃណីជនជាតិដើមភាគតិច ប្រកបដោយចីរភាពបាន។
ឯកឧត្តម អ៊ុន ចន្ថា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ដែលសម្រេចបានទាក់ទងនឹងការលើកកម្ពស់ ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ព្រមទាំងបង្ហាញពីស្ថានភាព ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច នៅក្នុងខេត្តកំពង់ធំ ដែលមានភាពរីកចម្រើន និងកាន់តែប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ទន្ទឹមនេះ ជនជាតិដើមភាគតិច ទទួលបាននូវការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាបាននូវអត្តសញ្ញាណ ទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងការប្រើភាសានិយាយបានផងដែរ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ហើយក្រសួងនិងបន្តខិតខំបន្ថែមទៀត ក្នុងការថែរក្សាឲ្យគង់វង្ស នូវទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ឲ្យបានស្ថិតស្ថេរយូរអង្វែង ក្រោមពាក្យស្លោក ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស។
ជាងនេះទៅទៀត ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តពង្រឹង លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច តាមរយៈការរៀបចំ និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឲ្យក្លាយជាភូមិគំរូ ដោយផ្អែកលើសក្តានុពលផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាម យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ុន ចន្ថា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងសហការ បន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាពស្របតាមគោលនយោបាយច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារ គតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ក្នុងគោលបំណងចូលរួម ចំណែកអនុវត្តន៍ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព៕