ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខដល់ វីរកងទ័ព ម៉ន ភក្ត្រា ដែលរងរបួសភ្នែកយ៉ាងធ្ងន់ធ្ងរ ក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីកម្លាំងចម្រុះថៃ ចូលបំពាន ដែនដីកម្ពុជា


ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ វីរកងទ័ព ម៉ន ភក្ត្រា ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពាន ដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាក ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះអង្គឌួង នៅរាជធានីភ្នំពេញ ។

ក្នុងឳកាសនោះឯកឧត្តមសាស្ត្រាចារ្យ ក៏បាននាំយកអំណោយប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ និងជូនពរឱ្យវីរកងទ័ព ម៉ន ភក្ត្រា ឆាប់ជាសះស្បើយ និងមានសុខភាពល្អ មាំមួនឡើងវិញ ។

សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏របស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។

ជាមួយគ្នាវីរកងទ័ព និងក្រុមគ្រួសារកងទ័ពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុក្ខដាក់រហូតមក មិនថាតែពេលនេះទេ គឺគ្រប់ពេលមិនដែលទុកឲ្យប្រជាជនរបស់ខ្លួន មិនទទួលបានជួយសម្រាលការលំបាកនៅពេលមានបញ្ហានានា រួមទាំងសុខភាពផងដែរ។

សូមជម្រាបថា ក្នុងឳកាសចុះសួរសុខទុក្ខដល់វីរកងទ័ពខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ មឿង ស៊ាងសេង រដ្ឋលេខាធិការ និងជានាយិការរងខុទ្ទកាល័យក្រសួងមហាផ្ទៃ និងសប្បុរសជនជាច្រើនរូបផ្សេងទៀត៕