ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យឆ្លងភ្ជុំបិណ្ឌ នៅវត្តនាគវ័ន្ត ឬហៅ វត្តរកាខ្នុរក្រោម ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីសាសនានេះ មានប្រជាពុទ្ធបរិស័ទ្ធចូលរួមយ៉ាងច្រើនកុះករ បានប្រពឹត្តិទៅនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយព្រះសង្ឃសូត្របទនមស្ការចំពោះ គុណព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
ពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ នឹងបន្តទៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃនិមន្តព្រះសង្ឃដារ បង្សុកូល ពហូឆ្លងឧទ្ទិសកុសលជូនញាតិកាលទាំង៧សណ្តានដែលបានចែកឋានទៅ ជាកិច្ចបង្ហើយឆ្លងភ្ជុំបិណ្ឌ។
សូមជម្រាបថា: ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណកាលតរៀងមក៕