ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថាអ្នកភូមិព្រៃចាន់កម្ពុជាបាន ទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា។
អ្នកនាំពាក្យក្រសួងការបរទេសថៃ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានអះអាងក្នុងសន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យ ប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។
ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍បំភ្លៃការពិតរបស់ថៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឆ្លើយតប៥ចំណុច ដូចខាងក្រោម៖
ទីមួយ៖ ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍ ពិសេសនៅក្នុងអំឡុងរស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពេលបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះ គឺជារឿងគួរឱ្យបារម្ភជាខ្លាំង។ ជាការចាំបាច់ ដែលត្រូវបញ្ជាក់ផងដែរថា សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០០ (MOU 2000)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងសងខាងបាន ឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ស្តីពីកិច្ចការនេះចែងថា ការកំណត់ខណ្ឌសីមាព្រំដែនត្រូវឆ្លងប្រាំដំណាក់កាលទើបចប់។
ទីពីរ៖ ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យ សម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៤២ ដែលមានភូមិព្រៃចាន់ស្ថិតនៅចន្លោះនោះទេ។ ដូច្នេះ វាជារឿងបំភ្លៃបំភ័ន្តយ៉ាងជាក់ជាក់ស្តែង ដែលមានការចេញផ្សាយនូវផែនទីផ្តល់ព័ត៌មាន បង្ហាញនូវគំនូសខ្សែបន្ទាត់ព្រំដែនលាតសន្ធឹងពីបង្គោលព្រំដែនលេខ៤៣ ដល់បង្គោលលេខ៤២ ដើម្បីធ្វើជាទឡឹករណ៍សំអាងថាឧប្បត្តិហេតុហិង្សាលើបាតុករ បានឡើងនៅក្នុងទឹកដីថៃ។
ទីបី៖ សូម្បីតែតាមបន្ទាត់ត្រង់គូសក្រៅផ្លូវការមិនត្រឹមត្រូវ ដូចឃើញនៅក្នុងផែនទីផ្តល់ព័ត៌មាន ដែលបង្ហាញដោយភាគីថៃនេះ នៅលើដីជាក់ស្តែងគឺមានជនជាតិថៃបានកាន់កាប់ និងធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំលើផ្ទៃដីជាច្រើនហិកតា ដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជា។ ដូច្នេះ ពិចារណាលើភាពស្មុគស្មាញនៃបញ្ហាលើកំណាត់ព្រំដែននេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃដោះស្រាយ បញ្ហាតំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការប៉ុនប៉ងអនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាមរយៈការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា។
ទីបួន៖ សូមរំលឹកផងដែរថា ក្នុងក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ កម្ពុជា បានធ្វើការតវ៉ាផ្លូវការជាច្រើនដងទៅភាគីថៃ ដោយស្នើសុំឱ្យមានការកែតម្រូវនៅតំបន់ដែលមានរំលោភ បំពានព្រំដែនចូលមកខាងកម្ពុជា ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះ ឱ្យផ្តល់ អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែននេះ ដោយស្របពេលគ្នានេះ រក្សាបាននូវបរិយាកាសអំណោយផលសម្រាប់ឱ្យគណៈកម្មការព្រំដែនចម្រុះបន្តការងារ ស្របតាម អនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ ។
ទីប្រាំ៖ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែល បានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ក្នុងខែសីហា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ ដូចដែលបានអះអាង និងតាមរយៈ ការបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅ អស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន។
ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះ រាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕