ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួងចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរខួប ៣២ឆ្នាំនៃ«ទិវាប្រកាសរដ្ឋធម្មនុញ»


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកខួប ៣២ឆ្នាំនៃ«ទិវាប្រកាសរដ្ឋធម្មនុញ» នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ នាសួនច្បារខាងលិចវិមានឯករាជ្យ។

នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី ៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។ ទិវានេះផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ។

ទន្ទឹមនឹងនេះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ៕