ជើងហោះហើរត្រង់រវាងទីក្រុងព្រះសីហនុរបស់កម្ពុជា និងទីក្រុងសិនជីនរបស់ចិន ចាប់ផ្តើមបើកដំណើរការហោះហើរជាផ្លូវការ


ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលនឹងក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន។

ពិធីសម្ភោធបើកដំណើរជាផ្លូវការនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។

ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះលោកអភិបាលរង ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះត្រង់ ផ្ទាល់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន មានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ មានចំនួន ៨ជើង និងមានការតភ្ជាប់បន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។

ការភ្ជាប់ជើងហោះហើររវាង ខេត្តព្រះសីហនុ និងទីក្រុងសិនជិននេះ បន្ទាប់ពីមានការបើកជើងហោះហើររវាងភ្នំពេញ-សិនជិន និងសៀមរាប-សិនជិន ហើយវានឹងក្លាយជាគោលដៅដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន ប្រទេសចិន។

ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺឆ្លើយតបពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយ​រដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនទាំងពីរប្រទេស។

លើសពីនេះទៅទៀត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ​​​​​​​​​​​​​​​​​​​​នឹងគ្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីបន្ថែមមួយទៀត គឺភ្នំពេញ-ហ្វូជូ-តូក្យូ ដែលភ្ជាប់ក្រុងហ្វូជូ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយ នៅប្រទេសចិនជាមួយកម្ពុជា និងជប៉ុន៕