Queen Mary II នាំបរទេសជាង ២ពាន់ នាក់មកក្រុងព្រះសីហនុ


Queen Marry II 06 04 16 2 copy

     ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​ជាង ​២​ពាន់​នាក់ បាន​ចូល​កំសាន្ត​ក្រុង​ព្រះ​សីហនុ ​នៅ​ថ្ងៃ​ទី​៥​ ខែ​មេសា​នេះ តាម​នា​វា​បរ​ទេស​មួយ​គ្រឿង​ឈ្មោះ Queen Mary II ។ នា​វា​ទេស​ចរណ៍​ដែល​ផ្ទុក​អ្នក​ដំណើរ​ចំនួន​ ២​.៣៩៨​នាក់ ​និង​នា​វិក ១​.២៧១ នាក់ បាន​ធ្វើ​ដំណើរ​ទស្សនា​កំសាន្ត​ នៅ​តំបន់​ទេស​ចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ ​ស្ថិត​ក្នុង​ក្រុង​ព្រះ​សីហនុ​ ជាប់​មាត់​សមុទ្រ​នេះ​។

     ភ្ញៀវ​ទេស​ចរណ៍​នៅ​លើ​នាវា ភាគ​ច្រើន​គឺ​ជន​ជាតិ​អង់​គ្លេស​ ​មាន​ចំនួន​ ៨០៥​នាក់​… ​ទេស​ចរណ៍​អូស្ត្រាលី​៧៣៤​នាក់ និង​ទេស​ចរណ៍​អាម៉េរិក ​២០០​នាក់ ​។  នាវា​ទេស​ចរណ៍​នេះ បាន​ចាក​ចេញ​ពី​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ នៅ​ម៉ោង​ ៧​យប់​ថ្ងៃ​ដដែល ក្នុង​ដំណើរ​បន្ត​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​ប្រ​ទេស​សឹង្ហ​បូរី​ ។

     សេចក្តី​រាយ​ការណ៍​ពី​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ ​ខេត្ត​ព្រះ​សីហនុ ​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈ​ពេល​ ៣​ខែ ​ឆ្នាំ ​២០១៦​នេះ មាន​នាវា​ដឹក​អ្នក​ទេស​ចរណ៍ ចូល​មក​ចត​នៅ​ក្នុង​កំពង់​ផែ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ មាន​ចំនួន​ ២៤​គ្រឿង​… និង​មាន​ចំនួន​ភ្ញៀវ​ទេស​ចរណ៏​ចំរុះ​ជាតិ​សាសន៏​ចូល​ទស្សនា​ចំនួន​ ២​៩​.​៦២៩​នាក់​។ សេចក្តី​រាយ​ការណ៍​បាន​ប្រៀប​ធៀប​ថា រយៈ​ពេល​ ៣​ខែ​ដើម​ឆ្នាំ​ ២០១៥ គឺ​មាន​នាវា​ទេស​ចរណ៍​ចូល​ចត​តែ​ ១៧​គ្រឿង និង​មាន​អ្នក​ទេស​ចរណ៍​ចំនួន​១​៥.​៥៣៨​នាក់ ​ប៉ុណ្ណោះ​ ។