ក្រុមប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ បានបន្តយុទ្ធនាការប្រឆាំងជម្ងឺអេដស៍នេះបន្តទៀត ដោយបញ្ចូលកម្មវិធីអេដស៍នេះក្នុងកម្មវិធីសិក្សា… ការបញ្ជូលសកម្មភាពនេះអប់រំដល់រោងចក្រ និងការផ្សព្វផ្សាយអេដស៍តាមមូលដ្ឋាន ។
កម្ពុជាបានទទួលការកោតសរសើរពីពិភពលោកថា ជាប្រទេសមានជោគជ័យក្នុងយុទ្ធនាការទប់ស្កាត់ជម្ងឺអេដស៍ ដែលញ៉ាំងអោយក្រុមអ្នករៀបចំកម្មវិធី បានបន្តជម្រុញយុទ្ធនាការទប់ស្កាត់នេះជាបន្តទៀត តាមកម្មវិធីថ្មីៗរបស់ខ្លួន ។ នៅថ្ងៃនេះ កម្មវិធីមួយចំនួនទាក់ទងនឹងការរារាំងទប់ស្កាត់ជម្ងឺអេដស៍ បានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ នៅថ្ងៃទី៥ ខែមេសានេះ នៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តម តែង គន្ធី បានមានប្រសាសន៍បញ្ជាក់ពីសកម្មភាពសំខាន់ៗដែលអាជ្ញាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍កំពុងអនុវត្ត ។ ឯកឧត្តមមានប្រសាសន៍បានបន្តថា ក្រសួងសុខាភិបាលដែលមានមជ្ឈមណ្ឌជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ កំពុងតែអនុវត្តសកម្មភាពតាមដាន និងពន្យល់ណែនាំដល់អ្នកដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឲ្យមកទទួលការធ្វើតេស្តឈាមដើម្បីឆាប់ទទួលបានការព្យាបាល ដើម្បីកាត់បន្ថយអំណាចនៃការចម្លង ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ៣សូន្យ នៅឆ្នាំ ២០២០ គឺគ្មានការចំលងថ្មី… គ្មានការរើសអើង… និងគ្មានមរណភាព ទាក់ទងនឹងអេដស៏ ។ របាយការណ៍បានឲ្យដឹងថា អត្រានៃការចំលងមេរោគអេដស៏ និងជំងឺអេដស៏នៅកម្ពុជានៅឆ្នាំ ២០១៥ ក្នុងចំណោម មនុស្សពេញវ័យចាប់ពីអាយុ ១៥ដល់ ៤៩ឆ្នាំ មានអត្រា០.៦% ។ ប្រជាជនកម្ពុជា ១២០០នាក់ ក្នុង១ឆ្នាំៗ បានរងការឆ្លងមេរោគអេដស៍ថ្មី ។