ឯកឧត្តម​ ជីវ​ ស៊ុនហេង​ អញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅមូលដ្ឋានឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ


នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីគណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិទាំង៦ និងសមាជិក សមាជិកាគណបក្សសរុបប្រមាណ ៥០នាក់ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងកិច្ចប្រជុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ឯកឧត្តម ជីវ ស៊ុនហេង បានមានប្រសាសន៍ណែនាំពីរបៀបរបបនៃការបំពេញភារកិច្ចដល់ក្រុមការងារនៅមូលដ្ឋាន ក៏ដូចជាសមាជិក សមាជិកាគណបក្ស ក្នុងការពង្រឹងថែរក្សាសមាជិកបក្សដែលមានស្រាប់ និងបន្តយន្តការបង្កើនសមាជិកបក្សថ្មីបន្ថែមទៀត ក្នុងន័យធ្វើយ៉ាងណា ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជីវ ស៊ុនហេង ក៏បានពន្យល់ និងណែនាំសមាជិក សមាជិកាបក្សឱ្យបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងវីរកងទ័ពកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសការអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបីជាភាគីសៀមនៅតែបន្តញុះញង់ដាក់ពង្រាយលួសបន្លា និងការផ្លោងគ្រាប់ចូលក្នុងទឹកដីកម្ពុជាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរប្រកាន់យកការចរចាដោយសន្តិវិធី និងកំណត់យកយន្តការការទូតជាអាទិភាពក្នុងការដោះស្រាយជម្លោះ៕