ពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់២៤១គ្រួសារ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានស្បៀងសង្គ្រោះបឋម


ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តស្ទឹងត្រែង រួមនិងមន្រ្តីរាជការអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះចែកស្បៀងសង្រ្គោះបឋមដល់ប្រជាពលរដ្ឋងាយរងគ្រោះ ២៤១គ្រួសារ មកពីឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ការប្រគល់ជូនស្បៀងដល់ប្រជាជនងាយរងគ្រោះចំនួន ២៤១គ្រួសារនាពេលនោះ គឺអនុវត្តតាមការចាត់តាំងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីនាំយកស្បៀងសង្គ្រោះបឋមជូនដល់ ប្រជាពលរដ្ឋដែលបានជួបប្រទះគ្រោះទឹកជំនន់។

នាឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានពាំនាំនូវការផ្តាំផ្ញើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងការហូបចុក ត្រូវមានអនាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការបរិភោគមិនត្រឹមត្រូវ និងការជក់បារីជាដើម។

ជាមួយគ្នានេះឯកឧត្តម សរ សុពុត្រា ក៏បានអំពាវនាវឱ្យប្រជាជនទាំងអស់ត្រូវចេះ ការពារខ្លួនពីជំងឺគ្រុនចាញ់ និងគ្រុនឈាម ដោយត្រូវកុំឱ្យមានទឹកដក់ និងត្រូវ គេងក្នុងមុងជាប្រចាំ ព្រមទាំងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការ លង់ទឹកចំពោះកុមារតូចៗ។

នាឱកាសនោះដែរឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែងថា បញ្ហាបរិស្ថាន និងសុវត្ថិភាពក៏ជាការចាំបាច់ ដូច្នេះពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ មុនចូលផ្ទះត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីបង្កាពីសត្វអាសិរពិសផ្សេងៗ និងសូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះផ្សែងរបស់វាអាចបណ្ដាល ឱ្យប៉ះពាល់ដល់សុខភាព។ ដោយឡែកចំពោះ ស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិច ៤ដង មុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្ដាយនិងកូន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ៕