គម្រោងវិនិយោគសរុបចំនួន៣៩២ ក្រោមទុន ៧ ៨០១លានដុល្លារ នៅខេត្ដព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា


រយៈពេលជិត២ឆ្នាំមកនេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារ បានផ្ដល់គោលការណ៍លើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាល ដល់គម្រោងវិនិយោគចំនួន៣៩២ ក្រោមទុនវិនិយោគប្រមាណ ៧,៨០១លានដុល្លារ នៅខេត្ដព្រះសីហនុ។

ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា «ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨០១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥០ ៦៧០ កន្លែង»

ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។

បន្ថែមពីលើការផ្តល់គោលការណ៍នេះ, ក្រុមការងារបានជួយសម្របសម្រួល ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖

* ការចុះបញ្ជីសហគ្រាស
* ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ
* ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ ដោយពន្ធអាករជាបន្ទុករដ្ឋ
* និងការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទរួមមាន៖

១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង
២៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង
និង៣៖ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាព ធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់៕